ដែលស៊ាំឱសថច្រើនប្រភេទ (MDR)
  
Translated

(គុណនាម)  មានសមត្ថភាពក្នុងការបញ្ឈប់សកម្មភាពបំផ្លាញរបស់ឱសថប្រឆាំងនឹងមេរោគ (រួមមាន៖ ឱសថអង់ទីប៊ីយោទិក ឱសថប្រឆាំងពួកវីរុស ឱសថប្រឆាំងពួកផ្សិត និង ឱសថប្រឆាំងពួកប៉ារ៉ាស៊ីត)។

 

«បាក់តេរីដែលស៊ាំនឹងឱសថច្រើនមុខគឺបង្កគ្រោះថ្នាក់ ហើយមានការគំរាមកំហែងលើសុខសាធារណៈ ដោយសារពួកវាមានភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ។»

 

«របៀបនៃការព្យាបាលថ្មី ត្រូវប្រើរយៈពេលពី ៩ ទៅ ១១ខែ ដើម្បីព្យាបាលមេរោគរបេងស៊ាំឱសថច្រើនប្រភេទ(MDR)។»

 

ពាក្យស្រដៀង

 

ភាពស៊ាំនឹងឱសថច្រើនមុខ (MDR)

(នាម)  សមត្ថភាពរបស់អតិសុខុមកាយ ក្នុងការបញ្ឈប់សកម្មភាពរបស់ឱសថប្រឆាំងនឹងមេរោគមកលើពួកវា។

 

«ប៉ារ៉ាស៊ីតជំងឺគ្រុនចាញ់ អាចវិវត្តខ្លួនឱ្យស៊ាំនឹងឱសថច្រើនប្រភេទ ទៅនឹងការព្យាបាលជំងឺដោយឱសថខ្សែទី១យ៉ាងលឿន ប្រសិនបើអ្នកជំងឺមិនបានទទួលការព្យាបាលចប់សព្វគ្រប់។»

 

«ការកើនឡើងនៃការឆ្លងរាលដាលនិងភាពស៊ាំឱសថច្រើនមុខនៃអតិសុខុមកាយ ធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ឡើង។»

 

ដែលស៊ាំឱសថស្ទើរគ្រប់មុខ (XDR)

(គុណនាម) ដែលជាសមត្ថភាពនៃអតិសុខុមកាយក្នុងការបញ្ឈប់សកម្មភាពរបស់ឱសថប្រឆាំងនឹងមេរោគភាគច្រើន មកលើវា។ នៅសល់តែឱសថប្រឆាំងមេរោគមួយឬពីរក្រុមប៉ុណ្ណោះដែលអាចនៅមានប្រសិទ្ធភាពមកលើវា។

 

ភាពស៊ាំឱសថគ្រប់មុខ (PDR)

(គុណនាម) ដែលជាសមត្ថភាពនៃអតិសុខុមកាយក្នុងការបញ្ឈប់សកម្មភាពរបស់ឱសថប្រឆាំងមេរោគគ្រប់ប្រភេទមកលើវា។ វាស៊ាំនឹងឱសថប្រឆាំងមេរោគគ្រប់ប្រភេទ។

 

Learning point

ភាពស៊ាំនឹងឱសថច្រើនមុខ គឺជាបញ្ហាដែលបង្កឡើងដោយមនុស្ស

 

ស្ទើរគ្រប់មូលហេតុនៃភាពស៊ាំនឹងឱសថប្រឆាំងមេរោគច្រើនមុខគឺបង្កឡើងដោយមនុស្ស។ ឧទាហរណ៍៖ មេរោគរបេងដែលស៊ាំនឹងឱសថច្រើនមុខ (MDR TB) គឺកើតឡើងដោយការព្យាបាលដោយឱសថព្យាបាលរបេងមិនគ្រប់កម្រិត ឬមិនត្រឹមត្រូវ។[១] ដោយសាររយៈពេលព្យាបាលយូរ និងផលរំខាននៃឱសថ បានធ្វើឱ្យអ្នកជំងឺមិនបានអនុវត្ដ            អនុសាសន៍នៃការព្យាបាល។ នៅពេលអ្នកជំងឺមានអារម្មណ៍ប្រសើរឡើង អ្នកជំងឺបានឈប់លេបឱសថ។ បាក់តេរីបង្កជំងឺរបេង នៅពុំទាន់បានត្រូវបានសម្លាប់ឱ្យអស់ពីក្នុងខ្លួនរបស់អ្នកជំងឺ នឹងវិវត្ដខ្លួនឱ្យស៊ាំនឹងឱសថព្យាបាលជំងឺរបេងខ្សែទី១ ដែលអ្នកជំងឺបានប្រើរួច។ នៅពេលអ្នកជំងឺធ្លាក់ខ្លួនឈឺម្តងទៀត វាមិនគ្រាន់តែស៊ាំនឹងឱសថព្យាបាលជំងឺរបេងខ្សែទី១ប៉ុណ្ណោះទេ វាថែមទាំងមានលទ្ធភាពធ្វើការចម្លងយ៉ាងខ្លាំងក្លា និងអាចធ្វើឱ្យស្លាប់បានទៀតផង។

 

CRE (Carbapenem-resistant Enterobacteriaceae) សំដៅលើគ្រួសាររបស់បាក់តេរីដែលស៊ាំនឹងឱសថច្រើនមុខ​ រួមទាំងឱសថកាបាពៀណែម (Carbapenem)។ ពួកវាតែងធ្វើការវិវត្តខ្លួន ដូចនេះឱសថអង់ទីប៊ីយោទិកស្ទើរគ្រប់ប្រភេទទាំងអស់មិនអាចសម្លាប់វាបានទេ ហេតុនេះហើយវាត្រូវបានចាត់ចូលក្នុងក្រុមមេរោគដែលមានភាពស៊ាំនឹងឱសថច្រើនមុខ (superbugs)។ ឱសថកូលីស្ទីន (Colistin) គឺជាឱសថអង់ទីប៊ីយោទិកជម្រើសចុងក្រោយសម្រាប់ការព្យាបាល CRE និងការបង្ករោគដោយបាក់តេរី Gram អវិជ្ជមាន(-)ដែលស៊ាំនឹងឱសថច្រើនមុខ។ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត​នៅក្នុងមន្ទីរពេទ្យនិងក្នុងសហគមន៍បាន ជម្រុញដល់ការលូតលាស់របស់បាក់តេរីដូច CRE ជាដើម។ បាក់តេរីដែលស៊ាំឱសថទាំងនេះ រួមទាំង CRE អាចឆ្លងរាលដាលនិងបង្ករោគដល់មនុស្សជាច្រើន។ អ្នកគឺជាបុគ្គលដែលមានហានិភ័យខ្ពស់ពីការបង្ករោគដោយ CRE ប្រសិនបើអ្នកកំពុងស្នាក់នៅក្នុងមន្ទីរពេទ្យ ឬសម្រាកព្យាបាលរយៈពេលយូរ ឬបានប្រើប្រាស់ឱសថអង់ទីប៊ីយោទិក។ ជារឿយៗ ការបង្ករោគដោយ CRE បណ្តាល​​ឱ្យស្លាប់បាន។

 

មេរោគ​ Acinetobacter ដែលស៊ាំឱសថច្រើនមុខ (MDR) គឺត្រូវបានស្គាល់ថាជាមេរោគដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិកដ៏សំខាន់ នៅក្នុងវិស័យសុខាភិបាល។  ជាប្រវត្តិសាស្រ្ត ក្រុមឱសថ Carbapenem មានប្រសិទ្ធភាពល្អបំផុតសម្រាប់ការព្យាបាលការបង្ករោគដោយ Acinetobacter ដែលស៊ាំឱសថច្រើនមុខ។ ទោះបីជាយ៉ាងក៏ដោយ ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិតនិងមិនត្រឹមត្រូវ រួមទាំង Carbapenems ផងនោះ  ធ្វើឱ្យ Acinetobacter វិវត្តទៅជាស៊ាំឱសថ Carbapenems និងឆ្លងរាលដាល។ មេរោគ​ Acinetobacter ដែលស៊ាំឱសថច្រើនមុខ (MDR) អាចបណ្តាលឱ្យមានបង្ករោគធ្ងន់ ​និងពិបាកក្នុងការព្យាបាល។

 

ដើម្បីដោះស្រាយបញ្ហាភាពស៊ាំឱសថច្រើនមុខ (MDR) មន្ទីរពេទ្យត្រូវតែអនុវត្តនូវការសម្អាត ត្រូវប្រាកដថាមនុស្សគ្រប់គ្នាលាងដៃមុនពេលនិងក្រោយពេលប៉ះអ្នកជំងឺនិងបរិវេណជុំវិញអ្នកជំងឺ។ មន្ទីរពេទ្យត្រូវអនុវត្តនិងជម្រុញឱ្យមានកម្មវិធី ការជ្រើសរើសឱសថអង់ទីប៊ីយោទិកត្រឹមត្រូវ (stewardship program) ។ ប្រជាជននៅក្នុងសហគមន៍ ត្រូវតែលាងដៃ រក្សាអនាម័យខ្លួនប្រាណ និងបញ្ឈប់ប្រើប្រាស់ឱសថប្រឆាំងមេរោគលើសកម្រិតនិងមិនត្រឹមត្រូវ។

 

បើអ្នកចង់ស្វែងយល់បន្ថែមអំពីរបៀបនៃការប្រយុទ្ធប្រឆាំងនឹងបញ្ហាមេរោគស៊ាំឱសថអង់ទីប៊ីយោទិកច្រើនប្រភេទ (superbug) ឬការស៊ាំឱសថច្រើនមុខ សូមអានបន្ថែមត្រង់ចំណុច «ការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកមិនត្រឹមត្រូវ» «ចំណេះដឹងអំពីឱសថអង់ទីប៊ីយោទិក» «antibiotic footprint» និង «ការជ្រើសរើសឱសថអង់ទីប៊ីយោទិកត្រឹមត្រូវ»។

ពាក្យទាក់ទង៖ ឱសថអង់ទីប៊ីយោទិក  ភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិក  ការបង្ករោគដោយមេរោគស៊ាំឱសថ

 

សូមទស្សនាវីដេអូខាងក្រោមដើម្បីយល់ដឹងបន្ថែមទៀតអំពី “ភាពស៊ាំឱសថច្រើនមុខ (Multidrug-resistant)”

 

  ​​​​

 

សេចក្ដីយោង

១ Huber C. (2014). “The causes of multi-drug resistant tuberculosis.” The Borgen Project

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ